លាក់ខ្ញុំ

ការរំលូតកូនដោយការវះកាត់

ការរំលូតកូនដោយការវះកាត់តម្រូវឱ្យមានការវះកាត់ ជាធម្មតាមានការប្រើថ្នាំសណ្ដំកម្រិតស្រាល ដើម្បីបញ្ចប់ផ្ទៃពោះ។

តើជំហានដំបូងគឺអ្វី?

មុនពេលអ្នកធ្វើការណាត់ជួប វាជាការសំខាន់ដែលត្រូវដឹងថាតើអ្នកមានផ្ទៃពោះប៉ុន្មានសប្តាហ៍ ហើយគ្លីនិកអាចផ្តល់ជូនអ្វីខ្លះ។ ប្រសិនបើអ្នកមិនប្រាកដថាអ្នកមានផ្ទៃពោះប៉ុន្មានសប្ដាហ៍ទេ អ្នកប្រហែលជាត្រូវឆ្លុះអេកូ។

ការឆ្លុះអេកូត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលថាតើអ្នកមានផ្ទៃពោះប៉ុន្មានសប្តាហ៍។ ជាធម្មតា វាជាការល្អបំផុតដែលត្រូវរង់ចាំរហូតដល់អ្នកមានផ្ទៃពោះពីប្រាំមួយទៅប្រាំពីរសប្តាហ៍ មុនពេលធ្វើការរំលូតកូនដោយការវះកាត់។ ប្រសិនបើធ្វើលឿនជាងនេះ មានឱកាសខ្ពស់ដែលថាការរំលូតកូននឹងមិនដំណើរការ

តើពាក់ព័ន្ធនឹងអ្វីខ្លះ?

ការរំលូតកូនដោយការវះកាត់ជាធម្មតាត្រូវបានធ្វើឡើង ខណៈពេលដែលអ្នកត្រូវបានដាក់ថ្នាំសណ្ដំកម្រិតស្រាល ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រាកស្រាន និងងងុយគេង។ ការដាក់ថ្នាំសណ្ដំគឺដើម្បីឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួនតាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលអនុវត្តនីតិវិធី។

ការរំលូតកូនគឺយកនូវស្រទាប់ខាងក្នុង និងអ្វីដែលនៅក្នុងស្បូនចេញ។ វាត្រូវបានធ្វើឡើងដោយការបឺតថ្នមៗទៅដល់ខាងក្នុងស្បូនដោយបំពង់ប្លាស្ទិកតូចមួយ។ នេះគឺជានីតិវិធីដែលមានសុវត្ថិភាព សាមញ្ញ និងមានហានិភ័យទាប នៅពេលធ្វើដោយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍។

នីតិវិធីនេះចំណាយពេលប្រហែល 15 នាទី ប៉ុន្តែអ្នកនឹងចាំបាច់ត្រូវនៅគ្លីនិក ឬមន្ទីរពេទ្យរយៈពេលប្រហែលបួនម៉ោង ដើម្បីធានាថាថ្នាំសណ្ដំបានអស់ឥទ្ធិពល ហើយអ្នកអាចធ្វើដំណើរទៅផ្ទះបានដោយសុវត្ថិភាព។

បន្ទាប់ពីគភ៌មានអាយុប្រហែល 16 សប្តាហ៍ គេប្រើនីតិវិធីខុសពីនេះ។ នីតិវិធីនេះជារឿយៗច្រើនតែស្មុគស្មាញជាងនេះ ហើយអាចពិបាករក។ តម្លៃនៃការរំលូតកូនដោយការវះកាត់ជាទូទៅកើនឡើងនៅពេលដែលអ្នកមានផ្ទៃពោះកាន់តែយូរ។

តើខ្ញុំអាចរំលូតកូនដោយការវះកាត់នៅកន្លែងណា?

ការរំលូតកូនដោយការវះកាត់អាចរកបាននៅរដ្ឋ NSW តាមរយៈគ្លីនិកសហគមន៍ ឬឯកជន និងម្ដងម្កាលតាមរយៈមន្ទីរពេទ្យរដ្ឋ។ នៅរដ្ឋ NSW អ្នកមិនចាំបាច់ត្រូវការការណែនាំពីវេជ្ជបណ្ឌិតឱ្យទៅកាន់គ្លិនិកទេ ដែលមានន័យថាអ្នកអាចទូរសព្ទទៅគ្លីនិកនោះដោយផ្ទាល់ ដើម្បីធ្វើការណាត់ជួប។ គ្លីនិកខ្លះទទួលធ្វើការរំលូតកូនដោយការវះកាត់ចំពោះគភ៌ដែលមានអាយុរហូតដល់ 12 សប្ដាហ៍តែប៉ុណ្ណោះ ចំណែកគ្លីនិកខ្លះទៀតទទួលធ្វើការរំលូតកូនចំពោះគភ៌ដែលមានអាយុដល់ 20 សប្ដាហ៍។

តើខ្ញុំអាចកក់ការណាត់ជួបដើម្បីរំលូតកូនដោយការវះកាត់ដោយរបៀបណា?

ប្រសិនបើអ្នកចង់ធ្វើការរំលូតកូនដោយការវះកាត់ ឬចង់រកកន្លែងរំលូតកូនដោយការវះកាត់ សូមទូរសព្ទទៅខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463