ប្រសិនបើអ្នកជ្រើសរើសបន្តការមានផ្ទៃពោះ ហើយឱ្យអ្នកផ្សេងមើលថែទារកនោះ គឺមានស្មុំកូន និងការចិញ្ចឹមដោយឪពុកម្ដាយធម៌។
ស្មុំកូន
ស្មុំកូន មានន័យថាអ្នកប្រគល់សិទ្ធិ និងការទទួលខុសត្រូវចិញ្ចឹមកូនទៅឪពុកម្ដាយចិញ្ចឹម។
ស្មុំកូនត្រូវមានការចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្របច្បាប់ឱ្យអ្នកផ្សេងក្លាយជាអាណព្យាបាលស្របច្បាប់របស់កុមារ។ ឪពុកម្ដាយត្រូវរង់ចាំយ៉ាងហោចណាស់ 30 ថ្ងៃ បន្ទាប់ពីកូនកើត ទើបពួកគេអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្របច្បាប់នោះបាន។
ប្រសិនបើអ្នកជ្រើសរើសយកស្មុំកូន អ្នកអាចរក្សាទំនាក់ទំនងជាមួយកូន ដោយការយល់ព្រមលើផែនការស្មុំកូនជាមួយនឹងឪពុកម្ដាយចិញ្ចឹម។ បុគ្គលិកគ្រប់គ្រងករណីអាចជួយបង្កើតផែនការនេះបាន។ ក្រសួងសហគមន៍ និងយុត្តិធម៌ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលមើលខុសត្រូវផ្នែកស្មុំកូននៅក្នុងរដ្ឋ NSW។ ពួកគេធ្វើការជាមួយឪពុកម្តាយបង្កើតដែលពិចារណាលើស្មុំកូន និងគ្រួសារ និងគ្រួសារដែលមានបំណងចង់សុំកូនមកចិញ្ចឹម។
កូនសុំទាំងអស់មានសិទ្ធិស្របច្បាប់ក្នុងការដឹងអំពីគ្រួសារបង្កើតរបស់ពួកគេ និងវប្បធម៌របស់ពួកគេ។ បុគ្គលិកគ្រប់គ្រងករណីស្មុំកូនធ្វើការជាមួយឪពុកម្តាយចិញ្ចឹមដើម្បីបង្កើតផែនការស្មុំកូនដែលរៀបរាប់ពីការព្រមព្រៀងគ្នាលើព័ត៌មានលម្អិតអំពីរបៀបរក្សាទំនាក់ទំនង។
ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចចិញ្ចឹមកូនបានទេ ស្មុំកូនមិនមែនជាជម្រើសតែមួយគត់នោះទេ។ ការចិញ្ចឹមដោយឪពុកម្ដាយធម៌ក៏អាចជាជម្រើសដែរ។
ការចិញ្ចឹមដោយឪពុកម្ដាយធម៌
ការចិញ្ចឹមដោយឪពុកម្ដាយធម៌គឺនៅពេលដែលកូនរបស់អ្នកត្រូវបានមើលថែដោយគ្រួសារផ្សេងទៀត។
ការចិញ្ចឹមដោយឪពុកម្ដាយធម៌មានច្រើនប្រភេទផ្សេងៗគ្នា។ ជម្រើសនៃការចិញ្ចឹមដោយឪពុកម្ដាយធម៌រួមមាន៖
- ការចិញ្ចឹមដោយឪពុកម្ដាយធម៌ជាបណ្ដោះអាសន្ន៖ វាអាចត្រូវបានប្រើនៅពេលដែលអ្នកដោះស្រាយបញ្ហាកន្លែងស្នាក់នៅ បញ្ហាហិរញ្ញវត្ថុ ឬបញ្ហាផ្ទាល់ខ្លួន។ ក្នុងអំឡុងថែទាំដោយស្ម័គ្រចិត្ត (មិនត្រូវបានបង្គាប់ដោយតុលាការ) អ្នកនៅតែជាអាណាព្យាបាលរបស់កូន និងអាចជួបកូនរបស់អ្នក។ ការថែទាំបណ្តោះអាសន្ន ជាធម្មតាត្រូវបានកំណត់ត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ
- ការចិញ្ចឹមដោយឪពុកម្ដាយធម៌រយៈពេលវែង៖ ប្រសិនបើកូនរបស់អ្នកស្ថិតនៅក្នុងការចិញ្ចឹមដោយឪពុកម្ដាយធម៌រយៈពេលវែង អ្នកនឹងបាត់បង់សិទ្ធិជាអាណាព្យាបាលស្របច្បាប់ និង/ឬ សិទ្ធិចិញ្ចឹមបីបាច់កូនរបស់អ្នក។ អ្នកនឹងនៅតែជាឪពុក/ម្ដាយស្របច្បាប់របស់កុមារ។ នៅក្នុងការចិញ្ចឹមដោយឪពុកម្ដាយធម៌រយៈពេលវែង ភាគច្រើនកុមារមានការផ្សារភ្ជាប់មនោសញ្ចេតនាជាមួយគ្រួសារចិញ្ចឹមរបស់ពួកគេ។
ព័ត៌មានអំពីស្មុំកូន/ការចិញ្ចឹមដោយឪពុកម្ដាយធម៌
ក្រសួងសហគមន៍ និងយុត្តិធម៌ (DCJ) ផ្ដល់នូវសេវាកម្មស្មុំកូន និងការចិញ្ចឹមដោយឪពុកម្ដាយធម៌ច្រើនប្រភេទ។ អ្នកអាចនិយាយអំពីជម្រើសរបស់អ្នកសម្រាប់ការថែទាំកូនរបស់អ្នកជាមួយបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍។ សូមទាក់ទងទៅសេវាកម្មស្មុំកូនរបស់ DCJ តាមរយៈលេខ 1800 003 227។
ព័ត៌មានបន្ថែមអំពីដំណើរការស្មុំកូន និងជម្រើសផ្សេងទៀតអាចរកបាននៅលើវិបសាយ DCJ https://www.facs.nsw.gov.au/families/adoption