លាក់ខ្ញុំ

ការរំលូតកូនសម្រាប់គ្រូពេទ្យផ្នែកសុខភាព

តើអ្វីជាច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019?

នៅរដ្ឋ New South Wales ច្បាប់ស្ដីពីការបញ្ចប់ផ្ទៃពោះត្រូវបានគ្រប់គ្រងដោយច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 ដែលបានធ្វើវិសោធនកម្មច្បាប់ឧក្រិដ្ឋកម្មឆ្នាំ 1900 ដើម្បីលុបចោលបទប្បញ្ញត្តិនានានៃច្បាប់នោះទាក់ទងនឹងការបញ្ចប់ផ្ទៃពោះ (ការរំលូតកូន) និងដើម្បីលុបចោលបទល្មើសច្បាប់ទូទៅទាក់ទងនឹងការរំលូតកូន។

ច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 ធានាថាការរំលូតកូនត្រូវបានដោះស្រាយក្នុងលក្ខណៈជាបញ្ហាសុខភាពជាជាងបញ្ហាបទឧក្រិដ្ឋ។ ច្បាប់៖

  • បង្កើតវិធីសាស្ត្រផ្តោតលើសុខភាពសម្រាប់ការរំលូតកូន
  • គាំទ្រសិទ្ធិរបស់ស្ត្រីចំពោះសុខភាព រួមទាំងសុខភាពបន្តពូជ និងស្វ័យភាព
  • ផ្តល់ភាពច្បាស់លាស់ និងសុវត្ថិភាពសម្រាប់គ្រូពេទ្យផ្នែកសុខភាពដែលផ្តល់សេវារំលូតកូន

តើការផ្លាស់ប្ដូរទាំងនេះមានន័យយ៉ាងណាចំពោះគ្រូពេទ្យផ្នែកសុខភាពនៅរដ្ឋ NSW?

ច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 អនុញ្ញាតឱ្យគ្រូពេទ្យវេជ្ជសាស្ត្រធ្វើការបញ្ចប់ផ្ទៃពោះចំពោះស្ត្រីដែលមានផ្ទៃពោះមិនលើសពី 22 សប្ដាហ៍។

ការរំលូតកូនលើមនុស្សដែលមានផ្ទៃពោះលើសពី 22 សប្ដាហ៍ អាចត្រូវបានធ្វើឡើងដោយពេទ្យវេជ្ជសាស្ត្រឯកទេស ឱ្យតែគ្រូពេទ្យវេជ្ជសាស្ត្រនោះ៖

  • ចាត់ទុកថា គ្រប់កាលៈទេសៈទាំងអស់ មានហេតុផលគ្រប់គ្រាន់សម្រាប់ការបញ្ចប់ផ្ទៃពោះ និង
  • បានពិគ្រោះជាមួយគ្រូពេទ្យវេជ្ជសាស្ត្រឯកទេសម្នាក់ទៀត ដែលចាត់ទុកដែរថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ មានហេតុផលគ្រប់គ្រាន់សម្រាប់ការបញ្ចប់ផ្ទៃពោះ។

លើសពីនេះ គ្រូពេទ្យវេជ្ជសាស្ត្រឯកទេសអាចពិគ្រោះជាមួយក្រុមទីប្រឹក្សាពហុជំនាញ ឬគណៈកម្មការទីប្រឹក្សាមន្ទីរពេទ្យតាមតម្រូវការ។

ការរំលូតកូនលើមនុស្សដែលមានផ្ទៃពោះលើសពី 22 សប្ដាហ៍ ត្រូវតែធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋជាក់លាក់ ឬមណ្ឌលដែលត្រូវបានអនុម័ត លើកលែងតែករណីសង្គ្រោះបន្ទាន់។

ច្បាប់នេះក៏ទទួលស្គាល់ថាគ្រូពេទ្យផ្នែកសុខភាពដែលបានចុះបញ្ជី ដូចជា គ្រូពេទ្យវេជ្ជសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប ឱសថការី ឬគ្រូពេទ្យផ្នែកសុខភាពជនជាតិដើមភាគតិច និងអ្នកកោះ Torres Strait ឬគ្រូពេទ្យផ្នែកសុខភាពដែលបានចុះបញ្ជីផ្សេងទៀតដែលចែងដោយបទប្បញ្ញត្តិ អាចជួយក្នុងការអនុវត្តការរំលូតកូនដែលធ្វើឡើងដោយគ្រូពេទ្យវេជ្ជសាស្ត្រផងដែរ។ នេះមានន័យថាឱសថការីអាចជួយក្នុងការបញ្ចប់ផ្ទៃពោះដោយការបើកថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាដោយគ្រូពេទ្យវេជ្ជសាស្ត្រ។

តើមានអ្វីកើតឡើង ប្រសិនបើគ្រូពេទ្យផ្នែកសុខភាពមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការចំពោះការបញ្ចប់ផ្ទៃពោះ (ការរំលូតកូន)?

គ្រូពេទ្យផ្នែកសុខភាពដែលបានចុះបញ្ជី ដែលត្រូវបានស្នើសុំឱ្យផ្តល់យោបល់អំពីការរំលូតកូន ឬអនុវត្ត ជួយឬណែនាំអំពីការរំលូតកូន ហើយជាអ្នកដែលមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការលើការរំលូតកូន ត្រូវជូនដំណឹងដល់អ្នកដែលបានស្នើសុំថា ពួកគេមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការចំពោះការអនុវត្តការរំលូតកូន ឱ្យបានទាន់ពេលវេលា។

លើសពីនេះទៀត ប្រសិនបើគ្រូពេទ្យផ្នែកសុខភាពដែលបានចុះបញ្ជីត្រូវបានស្នើឱ្យអនុវត្តការបញ្ចប់ផ្ទៃពោះ ឬផ្តល់យោបល់អំពីការបញ្ចប់ផ្ទៃពោះ គ្រូពេទ្យនោះត្រូវតែធ្វើនូវចំនុចខាងក្រោមដោយមិនពន្យារពេល៖

  1. ផ្តល់ព័ត៌មានដល់ស្ត្រីអំពីរបៀបរកកន្លែង ឬទាក់ទងគ្រូពេទ្យវេជ្ជសាស្ត្រដែលពួកគេជឿថាមិនមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការចំពោះការអនុវត្តការបញ្ចប់ផ្ទៃពោះ ឬ
  2. ផ្ទេរការថែទាំរបស់ស្ត្រីទៅឱ្យគ្រូពេទ្យផ្នែកសុខភាពដែលបានចុះបញ្ជីផ្សេងទៀត ឬអ្នកផ្តល់សេវាសុខភាព ដែលអាចផ្តល់សេវាដែលបានស្នើសុំ ហើយមិនមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការចំពោះការអនុវត្តការបញ្ចប់ផ្ទៃពោះ។

គ្រូពេទ្យវេជ្ជសាស្ត្រដែលមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការ អាចនឹងបំពេញលក្ខខណ្ឌតម្រូវលើការផ្ដល់ព័ត៌មានទៅស្ត្រី ដោយការផ្ដល់ឱ្យស្ត្រីនូវព័ត៌មានលម្អិតអំពីសេវាកម្មព័ត៌មានដែលគាំទ្រដោយក្រសួងសុខាភិបាលរដ្ឋ NSW ដូចជា ខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ។

សេវាកម្មនេះអាចផ្តល់ព័ត៌មានអំពីគ្រូពេទ្យវេជ្ជសាស្ត្រដែលមិនមានការជំទាស់ដោយគិតថាផ្ទុយនឹងមនសិការចំពោះការអនុវត្តការបញ្ចប់ផ្ទៃពោះ ក៏ដូចជាព័ត៌មានទូទៅ និងសេវាកម្មគាំទ្រសម្រាប់សុខភាពផ្លូវភេទ និងបន្តពូជ។

ព័ត៌មានអាចទាញយក និងផ្តល់ឱ្យអ្នកជំងឺពីវិបសាយនេះ។ អ្នកវិជ្ជាជីវៈសុខាភិបាលអាចណែនាំស្ត្រីឱ្យទាក់ទងទៅខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះតាមរយៈលេខ 1800 008 463, សម្រាប់ព័ត៌មានអំពីអ្នកផ្ដល់សេវាបញ្ចប់ផ្ទៃពោះ។

ការបញ្ចប់ផ្ទៃពោះសម្រាប់គោលបំណងនៃការជ្រើសរើសភេទតែមួយមុខ

តាមច្បាប់កំណែទម្រង់ច្បាប់ស្ដីពីការរំលូតកូនឆ្នាំ 2019 ការបញ្ចប់ផ្ទៃពោះសម្រាប់គោលបំណងនៃការជ្រើសរើសភេទតែមួយមុខគឺមិនត្រូវបានផ្ដល់ជូនទេ លុះត្រាតែការមិនអនុវត្តការបញ្ចប់ផ្ទៃពោះនឹងបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាព ឬសុវត្ថិភាពស្ត្រី។ នៅគ្រប់ករណីទាំងអស់ សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ស្ត្រីត្រូវតែជាអាទិភាពរបស់គ្រូពេទ្យវេជ្ជសាស្ត្រ។

ការអប់រំ និងការបណ្តុះបណ្តាល

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការផ្ដល់សេវាបញ្ចប់ផ្ទៃពោះនៅក្នុងរដ្ឋ NSW សូមស្វែករក ធនធានរបស់ Family Planning NSW។