ការរំលូតកូនដោយប្រើថ្នាំគឺជាជម្រើសមួយទៀតក្រៅពីការរំលូតកូនដោយការវះកាត់ ដែលតម្រូវឱ្យមានការប្រើថ្នាំដើម្បីបញ្ចប់ផ្ទៃពោះ។ ការរំលូតកូនដោយប្រើថ្នាំអាចត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់អ្នកផ្ទាល់ ហើយអាចធ្វើបានប្រសិនបើអ្នកមានផ្ទៃពោះតិចជាងប្រាំបួនសប្ដាហ៍។
តើពាក់ព័ន្ធនឹងអ្វីខ្លះ?
ការរំលូតកូនដោយការប្រើថ្នាំ ជាធម្មតាតម្រូវឱ្យមានការណាត់ជួបពីរដង។ ការណាត់ជួបលើកដំបូង គេនឹងចេញវេជ្ជបញ្ជាថ្នាំឱ្យអ្នក ហើយគេនឹងប្រាប់អ្នកពីពេល និងរបៀបលេបថ្នាំ។ ថ្នាំដែលគេចេញវេជ្ជបញ្ជាមាន mifepristone និង misoprostol។
- ជំហានទី 1៖ Mifepristone គឺជាថ្នាំមួយគ្រាប់ដែលអ្នកលេបដូចធម្មតាជាមួយទឹកមួយកែវ។ អាចមានការធ្លាក់ឈាម ឬចេញឈាមតិចតួចបន្ទាប់ពីការលេបថ្នាំគ្រាប់ដំបូង។ ផលរំខាននៃថ្នាំ mifepristone ជាធម្មតាគឺស្រាល និងមានរយៈពេលមិនយូរទេ។ ស្ត្រីភាគច្រើនអាចធ្វើកិច្ចការប្រចាំថ្ងៃជាធម្មតារបស់ពួកគេបាន បន្ទាប់ពីបានលេបថ្នាំគ្រាប់ដំបូងនេះ
- ជំហានទី 2៖ Misoprostol គឺថ្នាំគ្រាប់បួនគ្រាប់បៀមឱ្យរលាយនៅក្នុងមាត់ ថ្នាំនេះត្រូវបានលេបក្នុងរយៈពេល 36-48 ម៉ោងបន្ទាប់ពីលេបថ្នាំលើកដំបូង (mifepristone)។ Misoprostol ធ្វើឱ្យមានការកន្ត្រាក់នៅក្នុងសាច់ដុំស្បូន។ វាធ្វើឱ្យមាត់ស្បូនបើកបន្តិច ហើយគភ៌ត្រូវបានទម្លាក់ចេញអស់ពីស្បូន។ អ្នកទំនងជាចាប់ផ្ដើមធ្លាក់ឈាម និងមានការរមួលស្បូនក្នុងរយៈពេល 1-4 ម៉ោងបន្ទាប់ពីលេបថ្នាំទាំងនេះ ដូច្នេះយើងសូមណែនាំឱ្យអ្នកគ្រោងលេបថ្នាំ misoprostol នៅថ្ងៃដែលអ្នកនៅផ្ទះស្ទើរពេញមួយថ្ងៃ។
អ្នកផ្ដល់សេវាថែទាំសុខភាពរបស់អ្នកនឹងពិភាក្សាអំពីអ្វីដែលគេរំពឹងនឹងកើតឡើង និងផ្ដល់លេខទំនាក់ទំនង 24 ម៉ោង សម្រាប់ការថែទាំក្រោយចេញពីពេទ្យ។ អ្នកនឹងត្រូវការការធ្វើតេស្តឈាមតាមដានរយៈពេល 7 ថ្ងៃបន្ទាប់ពីអ្នកលេបថ្នាំដំបូង ហើយអ្នកនឹងមានការណាត់ជួបតាមដាននៅរយៈពេល 14-21 ថ្ងៃបន្ទាប់ពីការលេបថ្នាំ ដើម្បីពិនិត្យថាការរំលូតកូនបានចប់សព្វគ្រប់ឬនៅ។
តើផលប៉ះពាល់នៃការរំលូតកូនដោយការប្រើថ្នាំមានអ្វីខ្លះ?
មនុស្សភាគច្រើនមានការធ្លាក់ឈាម និងរមួលស្បូនពីកម្រិតស្រាលទៅកម្រិតធ្ងន់។ ការរមួលស្បូន ជាធម្មតាមានរយៈពេល 24 ម៉ោង ប៉ុន្តែការធ្លាក់ឈាមអាចនឹងបន្តរយៈពេលពីរសប្ដាហ៍ ឬយូរជាងនេះ។ ការប្រើថ្នាំបំបាត់ការឈឺចាប់ត្រូវបានណែនាំ។ ការមានអ្នកជួយអ្នកនៅផ្ទះក៏ជារឿងសំខាន់ផងដែរ។
ផលរំខានផ្សេងទៀតអាចរួមមាន៖
- គ្រុនក្ដៅ
- គ្រុនញាក់
- ចង្អោរ
- ក្អួត
តើខ្ញុំអាចកក់ការណាត់ជួបដើម្បីរំលូតកូនដោយប្រើថ្នាំដោយរបៀបណា?
ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីដំណើរការរំលូតកូនដោយប្រើថ្នាំ ឬដើម្បីដឹងពីកន្លែងរំលូតកូនដោយប្រើថ្នាំ សូមហៅទៅខ្សែទូរសព្ទជំនួយជម្រើសនៃការមានផ្ទៃពោះ តាមរយៈលេខ1800 008 463។